Thursday, 3 September 2015

ហេតុផលខ្ញុំអត់សូវនឹកស្រុកខ្មែរ ៦ឆ្នាំកន្លងមកនេះ/Homesick? Not so much.

The photos below speak why I am not so homesick for Cambodia after living away for six years. Though without a doubt I do miss my families and friends dearly. I am blessed for a host country that is so similar to my homeland. Thanks D.R!

ពិតណាស់ខ្ញុំតែងតែនឹកប៉ាម៉ាក់ បងប្អូន សាច់ញាត្តិ និងមិត្តភក្ត័ ជាពិសេសពេលនៅ​ស្រុកខ្មែរ​មានបុណ្យ​ទានម្តងៗនិងពេលប៉ាម៉ាក់មានបញ្ហាសុខភាពតែខ្ញុំនៅឆ្ងាយ។ តែបើនិយាយពីអោយនឹក ស្រុកខ្មែរ ខ្ញុំអត់សូវនឹក ហើយខ្ញុំចាត់ទុកថាខ្ញុំមានសំណាងដែលមិនត្រូវដេកយំ ចង់ទៅផ្ទះវិញ។ សូមកុំអាលទាន់វាយតម្លៃ សូមអានតទៀតសិន។ អរគុណ ចាស៎! 

ហេតុដែលធ្វើអោយខ្ញុំមានអារម្មណ៍មិនឆ្ងាយពីស្រុកកំណើត គឺដោយសារប្រទេសកោះនេះ ដែល
មានឈ្មោះថា សាធារណៈរដ្ឋដូមីនិក មានអ្វីៗជាច្រើនយ៉ាងដែលដូចគ្នាទាំងស្រុង ដូចគ្នាខ្លះ និង 
ប្រហាក់ប្រហែលទៅនឹងស្រុកខ្មែរនិងអ្វីដែលស្រុកខ្មែរមាន។ ប្រទេសនេះស្ថិតនៅត្រើយម្ខាង​ផែន​ដី​ពីស្រុកខ្មែរ មានចំងាយប្រមាណ ១៦០០០គីឡូម៉ែត្រពីគ្នា ពេលវេលាខុសគ្នា ១១ម៉ោង ជាតំបន់ត្រូពិច និងសីតុណ្ហភាពក្តៅប្រហាក់ប្រហែលគ្នា ខុសគ្នាបន្តិចត្រង់ថានៅទីនេះពេលល្ងាច សីតុណ្ហភាពធ្លាក់​ចុះខ្លាំង ជាពិសេសតំបន់ភ្នំដែលខ្ញុំនៅ។ ភាសាផ្លូវការគឺអេស្ប៉ាញ។
មកដល់ពេលនេះ តាមការដឹង ខ្ញុំជាខ្មែរតែម្នាក់គត់ដែលរស់នៅលើកោះនេះ ខ្មែរដ៏ទៃដែលបានមក ទីនេះអាចជាអ្នកទេសចរណ៍ពីសហរដ្្ឋអាមេរិច ដែលនៅមិនឆ្ងាយប៉ុន្មានពីទីនេះ។  អ្វីដែលគួរអោយ ចាប់អារម្មណ៍គឺ នៅទីនេះមានភូមិដែលមានឈ្មោះថា ភូមិ Camboya  ដែលជាភាសា​អេស្ប៉ាញ​សម្រាប់ហៅ ប្រទេសកម្ពុជា។ ដំបូងខ្ញុំអរ ស្មានថាជា ដូចនៅស្រុកគេ ដែលប្រជុំជនជាតិខ្មែរ តែពេលខ្ញុំទៅសួរអ្នក ដែលកើតនៅទីនោះគេបានប្រាប់ខ្ញុំថា គេដាក់ឈ្មោះភូមិហ្នឹងដូចនេះ ដោយសារភូមិហ្នឹងសំបូរអ្នក ជើងកាងអ្នកលេង សហាវដូចពួកប៉ុល ពត។ ខ្ញុំមិនដឹង​ថាពិត​ឬមិន​ពិតទេ តែវាជាអ្វីដែលគេ បាន​ប្រាប់ខ្ញុំ។ គ្រាមួយខ្ញុំអស់សំណើចដោយ សារម្ចាស់​ផ្ទះ​ជួលរបស់ខ្ញុំ ជួលសន្តិសុខមកយាម ពេលខ្ញុំជួបពួកគាត់ក៏សួរនាំ គាត់ប្រាប់ខ្ញុំថា គាត់ ឈ្មោះចាន់ និងកូនគាត់​ឈ្មោះសុខ។ ឈ្មោះទាំងនេះមិនមែនជាឈ្មោះដែលប្រជាជនទូទៅមានទេ ពេលខ្ញុំសួរតទៀត គាត់អត់មានទាក់ទងអីនឹងស្រុកខ្មែរផង។ នៅទីនេះបន្លែ ផ្លែឈើ ផ្លែព្រៃ មានច្រើនដូចនៅស្រុកខ្មែរ មានដំណាំស្រូវ ដំឡូងឈើ ដំឡូងជ្វា ផ្ទី ជាដើម ដូចនេះការរស់នៅគឺងាយស្រួល។ ខ្ញុំអាចធ្វើម្ហូបខ្មែរ បានច្រើនមុខនៅទីនេះ។ អ្វីដែលមិនមានគឺ ម្រះ។ អត់មានចំរបស់ខ្ញុំចូលចិត្ត។ តែមិនអីទេ មានរបស់របរច្រើនទៀតអាចប៉ះប៉ូវសងជំងឺចិត្តរឿងម្រះបាន។ 

និយាយពីជាខ្មែរតែឯង ជួនកាលមាន អារម្មណ៍ថាកណ្តោចកណ្តែងពេលកូនទៅរៀនបាត់ ឬគេង​លក់ ហើយស្វាមីទៅធ្វើការបាត់ ប៉ុន្តែក៏ អរគុណដល់វត្តមានតិចណូឡូជី​ដែលបង្ករភាព​ងាយស្រួល​ជាច្រើន ដូចជា Skype និង Facebook ដែលអាចអោយខ្ញុំ​ធ្វើទំនាក់ទំនងទៅស្រុកបានងាយស្រួល ដូចជាពេលនឹក​រលឹកអ្នកផ្ទះ និងពេលចាំបាច់ត្រូវនិយាយ ភាសាខ្មែរ។ នឹកឬត្រូវការជជែកពេលណា អាចធ្វើបាន​ពេលហ្នឹង លើកលែងពេលដាច់ភ្លើង និងដាច់អ៊ិនធឺនែត ដែលកើតមាន​ញឹកញាប់ដែរជា​រៀងរាល់ថ្ងៃ។ 

ប្រទេសនេះល្បីល្បាញលើឆ្នេរសមុទ្រស្អាតៗ ខ្សាច់ពណ៌សក្បុស ផលិតផលកាហ្វេ កាកាវ ស៊ីហ្គារ ជ័រឈើឬត្បូង Amber និងនារីៗស្អាត។ អាហារសំខាន់របស់ប្រជាជននៅស្រុកនេះគឺ បាយ សណ្តែក និង សាច់មាន់។ មុខម្ហូបតំណាងសាសន៍គេហៅថា La Bandera ដែលមានបាយស ស៊ុបសណ្តែក និង សាច់មាន់ចៀនឬអាំងឬដុតដែលប្រឡាក់គ្រឿងតាមប្រពៃណីគេដែលខ្ញុំអត់ទាន់រៀនចេះធ្វើ។ 
រូបិយបណ្ណគឺ ដូមិនិកប៉េសូ។ ៤៥ប៉េសូ ស្មើរនឹង ១ដុល្លារអាមេរិច។​ ប្រទេសនេះមានភ្នំដែលខ្ពស់ ជាងគេក្នុងតំបន់ប្រជុំកោះការាអ៊ីបទាំងមូល ដែលមានឈ្មោះថា Pico Duarte ដែលមានកម្ពស់ ៣០៩៨ម៉ែត្រ។ ប្រពៃណីនៃការស្វាគមន៍គឺ ចាប់ដៃ និងថើបផ្ពាល់នឹងថ្ពាល់។

កុំអោយបែកជាអូរ ហូរជាស្ទឹងខាងក្រោមនេះជារូបថតដែលថតនៅទីនេះ។ តើវាដូច ឬប្រហែលនៅ ស្រុកខ្មែរយើង ក្នុងក្រសែរភ្នែកអ្នកដែរឬទេ? សូមទស្សនា។  រូបខ្លះដាក់ក្នុងន័យកំប្លែងទេណា។

Dominican Republic, Cambodia | My Khmer German House blog

ផ្កាត្របែកព្រៃ
Dominican Republic, Cambodia | My Khmer German House blog
ការ៉ាសសាំង និងភ្លើងស្តុបខុសបច្ចេកទេស។ ពណ៌ខៀវ
Dominican Republic, Cambodia | My Khmer German House blog
ផ្លែស្ពឺ ស្វាមីដាំ
Dominican Republic, Cambodia | My Khmer German House blog
កូនៗបកប្រមូលគ្រាប់អង្គុញ
Dominican Republic, Cambodia | My Khmer German House blog
បើនឹកស្រុកខ្លាំង អាចមកស្រូបក្លិនភក់ទីនេះបាន។ ល្អណាស់
Dominican Republic, Cambodia | My Khmer German House blog
ចំការបន្លែទឹក ធំក្លិនភក់ដូចគ្នាណាស់
Dominican Republic, Cambodia | My Khmer German House blog
ស្ទីលពាក់ចំហៀង
Dominican Republic, Cambodia | My Khmer German House blog
ហាមយកទៅធ្វើគ្រឿងក្លែម
Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog
ខ្ទម វាលស្រែ ដើមត្នោត
Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog
ចរាចរណ៍អាញ៉េអាញ៉ៃ
Dominican Republic, Cambodia | My Khmer German House blog
តូបលក់តាមផ្លូវជាតិ
Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog
ឆ្មាក៏មុខដូចឆ្មាខ្មែរដែរ។ ហិហិ។ លេងសើចទេ
Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog
លោកតាឥសីក៏មាន ហាហា (ស្វាមីខ្ញុំសម្តែងទេ)
Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog

Dominican Republic, Cambodia | My Khmer German House blog
ហាងចល័តពេលយប់
Dominican Republic, Cambodia | My Khmer German House blog
ចេកណាំវ៉ា
Dominican Republic, Cambodia | My Khmer German House blog
ហាងខោអាវនិងអលង្ការឈ្មោះធាវី
Dominican Republic, Cambodia | My Khmer German House blog
ចរាចរណ៍
ដូចគ្នាណាស់មែនទេ? ដូចនេះហើយបានជាខ្ញុំអាចនៅទីនេះបានយូរ ព្រោះវាងាយស្រួល។ តែបើអោយទៅលេងស្រុក នៅតែចង់ទៅអញ្ចឹង។ មិនមែនអត់សូវនឹក ហើយមិនចង់ចូលស្រុកទេណា កុំច្រឡំ។ ហិហិ។ ប៉ុន្តែតិចទៀតប្តូរទៅអឺរ៉ុបវិញ ពេលនោះនឹងនឹកស្រុកខ្មែរខ្លាំងជាមិនខាន តែវិជ្ជមានត្រង់ថា អឺរ៉ុប និងអាស៊ីមិនសូវឆ្ងាយ អាចចុះ ឡើងបាន មិនមែនដាច់ស្រយាលដូចនេះទេ។ បន្ទាប់ពីនិយាយពីភាពងាយស្រួលហើយ តាមពិតទៅរឿងពិបាកក៏មានដែរ ឧបសគ្គវាតែងតែមាន ធ្ងន់ជាងគេគឺពេលខ្ញុំឆ្លងទន្លេរកូនទីមួយ របស់ខ្ញុំ។ ស្រុកនេះឆ្ងាយ ពីកម្ពុជា រឿងវីសារចេញចូលសម្រាប់ប្រជាជនខ្មែរវាយ៉ាប់ ខ្ញុំត្រូវការម្តាយ ខ្ញុំតែពិបាករត់ការណាស់។ ពេលជិតសម្រាល កូនខ្ញុំខំប្រឹងរុញក្បាលចេញ តែសង្កត់ទងសុក គាត់ក៏ ឈប់ដកដង្ហើម។ ពេទ្យរុញខ្ញុំចូលសង្រោះបន្ទាន់ ហើយចាប់ផ្តើមវះកាត់។ គេអត់អោយស្វាមីខ្ញុំចូល ទៅតាមទេ។ ពេលនោះជាពេលលំបាកបំផុតក្នុងរយៈកាលប្រាំមួយឆ្នាំ។ ពេទ្យៗនិយាយតែភាសាគេ គេវះ គេដេរអី គេនិយាយអីខ្ញុំឆ្នាំដំបូងខ្ញុំអត់ចេះអេស្ប៉ាញទេ ខ្ញុំអត់យល់។ ពេលនោះមានតែបន់ព្រះ ក្នុងចិត្ត ហៅអស់ហើយជីដូនជីតា​។ ចុងបញ្ចប់អ្វីៗល្អប្រសើរ កូនស្រីយើងខ្ញុំ លូអ៊ីសា បូរមី អាយុ​៥ឆ្នាំ និងកូនប្រុស យ៉ូហាណេស គឹមវិសាល អាយុ ៣ឆ្នាំ។  ពួកគាត់អត់ទាន់ស្គាល់ស្រុកកំណើតខាងម្តាយទេ តែដោយការកើត និងធំឡើងនៅទីនេះ ពួកគាត់ចេះញាុំម្ហូបខ្មែរ ចេះនិយាយខ្មែរខ្លះ និងអាចផ្សារភ្ជាប់ជិវិតពួកគាត់ដោយស្រួលនាពេលអនាគតរវាងប្រទេសទាំងពីរនិងអាចសម្របបាន
ពេលទៅលេងស្រុកខ្មែរ។ ដូចនេះក្នុងជិវិត ស្រួលក៏អរគុណ លំបាកក៏អរគុណ ការលំបាកបង្រៀនមនុស្ស។ ពេលនេះសំខាន់ត្រូវសប្បាយជាមួយអ្វីដែល​យើងមាន នៅកន្លែងដែលយើងនៅ អោយតែសុខភាពល្អ អ្នកផ្ទះសុខសប្បាយ មានបាយ មាន ម្ហូប មានដំបូលជ្រក មានការងារ អ្វីផ្សេងទៀតអត់សូវសំខាន់ទេ។ មិនថាអញ្ចឹងមិត្តៗ?

ជូនពរអ្នកអានទាំងអស់អោយបានសេចក្តីសុខសប្បាយទាំងអស់គ្នា!
     
No comments:

Post a Comment